គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលទទួលបានវិញ្ញាបនបត្រ ISO ចំនួនពីរ

កាលបរិច្ឆេទ: ១០ មិថុនា ២០២២ / ម្ហូបអាហារ

កាលពីថ្ងៃទី១ មិថុនា កន្លងទៅនេះ ក្រុមហ៊ុនខនហ្វីរេលទទួលបានវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ផលិតផលស្ករត្នោត ម្រេចកំពត​ និងតែកញ្ចុំផ្កាម្រេចកំពត ពីស្ថាប័នឯករាជ្យមួយដែលមានឈ្មោះថា Gardian Independent Certification Ltd ដែលចុះឈ្មោះនៅចក្រភពអង់គ្លេស។ វិញ្ញាបនបត្រនេះទាមទារឲ្យមានការគោរពតាមបទដ្ឋានទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងគុណភាព ពោលគឺក្រុមហ៊ុនសហគ្រាសត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការផ្គត់ផ្គង់ជាប្រចាំនូវផលិតផល​ និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន និងធ្វើយ៉ាងណាឲ្យអតិថិជនកាន់តែពេញចិត្តចំពោះផលិតផលរបស់ខ្លួន តាមរយៈការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងគុណភាព។

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនខនហ្វីរេលធ្លាប់បានទទួលម្តងរួចទៅហើយនូវវិញ្ញាបនបត្រ ISO 22000 :2018 ផ្តល់ដោយ United Registrar of Systems ដែលមានស្នាក់ការនៅចក្រភពអង់គ្លេសដូចគ្នា សម្រាប់ផលិតផលទាំងបីខាងលើ និងសម្រាប់អាហារបំប៉ន។ វិញ្ញាបនបត្រមួយនេះទាមទារឲ្យមានការគោរពបទដ្ឋានទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ។ ដូច្នេះក្រុមហ៊ុនសហគ្រាសផលិតចំណីអាហារត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារដើម្បីផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលមានសុវត្ថិភាព ឆ្លើយតបទៅនឹងការប្រើប្រាស់ដែលបានគ្រោងទុក និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបានទាក់ទិននឹងសុវត្ថិភាពចំណីអាហារ។

អង្គការស្តង់ដារអន្តរជាតិដែលហៅកាត់ថា ISO គឺជាស្ថាប័នស្តង់ដារអន្តរជាតិដែលមានសមាសភាពជាតំណាងអង្គការស្តង់ដារជាតិមកពី១៦៧ ប្រទេស ដែលប្រទេសមួយត្រូវមានតំណាងមួយ៕